ក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកថ្ងៃនេះ (៥ មីនា) ថា គេបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២៣នាក់ ដែលសុទ្ធសឹងតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយក៏មានមនុស្ស ៥នាក់ដែរបានជាសះស្បើយ។
អ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង២៣នាក់នោះ នៅភ្នំពេញមានចំនួន ១៥នាក់ ក្នុងនោះខ្មែរ៨នាក់, នៅខេត្តព្រះសីហនុចំនួន ៥នាក់ មានខ្មែរ១នាក់, ខេត្តកោះកុងចំនួន ២នាក់, និងនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ចំនួន ១នាក់។
ដោយឡែកអ្នកជាសះស្បើយនៅថ្ងៃនេះមានចំនួន ៥នាក់, ៣នាក់គឺជាអ្នកដំណើរចូលមកកម្ពុជា និង ២នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
បើគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ១៩សរុបចំនួន ៩៣២នាក់ ក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៤២៥នាក់។
យ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកមានវីរុសទាំងនោះ ក៏មានការព្យាបាលជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់៕