ស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី០១ ខែមីនានេះ បានឲ្យដឹងថា រដ្ឋាភិបាលចិននឹងផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។
តាមរយៈបណ្តាញសង្គមហ្វេកប៊ុកស្ថានទូតចិនបានសរសេរថា «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។
រដ្ឋាភិបាលចិននឹងប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនវ៉ាក់សាំងមកប្រទេសកម្ពុជា។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ចំនួន ១លានដូសមកប្រទេសកម្ពុជា ហើយកាលពីដើមខែកុម្ភៈកន្លងទៅនេះ វ៉ាក់សាំងប្រភេទ ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសបានដឹកមកដល់ប្រទេសកម្ពុជាហើយ៕