យុវជនម្នាក់ត្រូវបានតុលាការខេត្តព្រះវិហារសម្រេចធ្វើការឃុំខ្លួន ពាក់ព័ន្ធនឹងករណីកាប់រុករានដីរដ្ឋយកទៅធ្វើជាកម្មសិទ្ធិ នៅចំណុចដែនព្រៃការពារធម្មជាតិប្រាសាទតាម៉ៅក្នុងភូមិរលំឡែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥កុម្ភៈ។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការកាប់រានដីព្រៃរដ្ឋនោះត្រូវគេសង្ស័យថាជនជាប់ចោទមានគូកនច្រើននាក់ទៀត និងមានទាំងអ្នកមានអំណាចនិងលុយកាក់នៅពីក្រោយនៃការទន្ទ្រានដីព្រៃរបស់រដ្ឋនេះផងដែរ។
យ៉ាងណាក៏ដោយ ពេលនេះ តុលាការបានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទម្នាក់ឈ្មោះ ឆុង ផាន់ អាយុ១៩ឆ្នាំ ដោយចោទតាមមាត្រា៦២ពីបទកាប់រុករានទន្ទ្រានយកដីព្រៃរដ្ឋដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដោយខុសច្បាប់ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន៕