រដ្ឋបាលខេត្តកំពង់ចាមបានធ្វើការអំពាវនាវកាលពីថ្ងៃម្សិលមិញ ដល់អ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងពិធីមង្គលការមួយនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ទៅពិនិត្យសុខភាព និងយកសំណាក ក្រោយពីបុរសម្នាក់នៅសង្កាត់ទួលសង្កែ ត្រូវគេរកឃើញវិជ្ជមានវីរុសកូវីដ១៩ ហើយបុរសរូបនោះបានទៅចូលរួមពិធីមង្គលការនោះ។
បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ចាម អ្នកដែលពាក់ព័ន្ធនៅក្នុងពិធីមង្គលការនោះ គឺមាន ឪពុកម្តាយកូនក្រមុំ ដែលបានត្រឡប់មកភ្នំពេញវិញ និងស្នាក់នៅម្តុំក្រោយមន្ទីរពេទ្យកាលម៉ែត, ឪពុកម្តាយកូនកំលោះ បានត្រឡប់ទៅស្រុកវិញ នៅភូមិត្រពាំងល្បើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត, កូនកំលោះកូនក្រមុំ និងអ្នកកំដរ បានត្រឡប់ទៅភ្នំពេញវិញ, អ្នករួមតុជាមួយផ្ទាល់ មានដូចជាក្រុមអ្នកសំអាងការ និងអ្នកថតរូប រស់នៅភូមិព្រៃទទឺង និងភូមិវាលស្បូវ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ព្រមទាំងប្រជាពលរដ្ឋចំនួន ២នាក់ផ្សេងទៀត រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស។
ជាមួយគ្នានេះ ចុងភៅ អ្នកលើកម្ហូប និងមេចុងភៅ រស់នៅភូមិត្រើយបឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ក៏មានពាក់ព័ន្ធដែរ៕