រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃនេះ (២៦ កុម្ភៈ) បានសម្រេចធ្វើការបិទជាបណ្តោះអាសន្ន ទីតាំងសណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់ពីគេបានរកឃើញជនជាតិចិនចំនួន៤នាក់ដែលស្នាក់នៅទីនោះមានវិជ្ជមានវីរុសកូវីដ១៩។
ក្នុងការបិទនោះ អាជ្ញាធរខេត្តព្រះសីហនុមិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារនោះ ចេញចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ដោយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងអគារនោះ ដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩៕