ក្រសួងមហាផ្ទៃនៅថ្ងៃនេះ បានសម្រេចបណ្តញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា និងហាមឃាត់មិនឲ្យចូលប្រទេសកម្ពុជាជាថ្មីទៀតឡើយ។
ការបណ្តេញនេះ គឺធ្វើឡើងក្រោយពីនាយកសារព័ត៌មាន Angkor Today រូបនេះ បានធ្វើការផ្សព្វផ្សាយព័ត៌មានជាភាសាចិន ដោយថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។
ក្រោយការផ្សាយនេះ បានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីក្រសួងសុខាភិបាលកម្ពុជា, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានថ្លែងថា «យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួនសួរនាំ ជនជាតិចិនរូបនេះ បានទទួលស្គាល់លើកំហុសវិជ្ជាជីវៈ ដោយសារតែទទួលបានសារអនាមិកដែលថា មានការយកថ្លៃសេវាចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណ១២០ដុល្លារក្នុងម្នាក់ៗ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានផ្សព្វផ្សាយបន្ត ដោយមិនបានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា៕