ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃនេះ (២៣ កុម្ភៈ) លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា វីរុសដែលត្រូវរកឃើញនៅក្នុងសត្វប្រចៀវកាលពីឆ្នាំ២០១០នោះ គឺពុំមែនជាវីរុសកូវីដ១៩ ដែលកំពុងកើតឡើងក្នុងពិភពលោកនោះទេ តែវាជាបងប្អូនជីដូនមួយនឹងគ្នា។
«ការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅលើសត្វប្រជៀវកន្លងមកនេះ ក្នុងឆ្នាំ២០១០ គ្រាន់តែមានការរកឃើញនៅលើសត្វប្រជៀវពីរ នៅក្នុងចំណោមសត្វប្រជៀវមួយចំនួននៅពេលនោះ ហើយចំនួននៃការសិក្សាក៏តូចដែរ មិនធំទេ។ តែគេសង្កេតឃើញសត្វប្រជៀវពីរ ដែលគាត់រកឃើញមាន សត្វប្រជៀវនោះ មានការពាំនាំក្នុងខ្លួនរបស់គាត់ គឺមានវីរុសប្រហាក់ប្រហែលទៅនឹង SARS-COV-2 តែមិនមែនជាកូវីដ១៩ទេ។ កន្លែងហ្នឹងត្រូវតែច្បាស់ទាំងអស់គ្នា»។
លោកជំទាវបានបញ្ជាក់ទៀតថា មកដល់ពេលនេះគេមិនទាន់សិក្សាឃើញច្បាស់ថា តើកូវីដ១៩ កើតចេញពីប្រភពណានោះទេ៕