សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទិ២២ កុម្ភៈ ម្សិលមិញ បានចារយល់ព្រម ចំពោះវិធានការច្បាប់ចំនួន៣ ដោយក្នុងនោះ ក៏មានការបណ្តេញជនបរទេស ហើយមិនឲ្យត្រឡប់មកកម្ពុជាវិញ ករណីគេចវេះ និងមិនព្រមសហការក្នុងការធ្វើចត្តាឡីស័ក។
តាមរយៈលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានលើកឡើងថា ក្នុងព្រឹត្តិការណ៍សហគមន៍ «៣វិច្ឆិកា», «២៨វិច្ឆិកា» និង «២០កុម្ភៈ» អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័កជាដើម ព្រមទាំងទីតាំងពាក់ព័ន្ធមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ។
ដូច្នេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានស្នើវិធានការចំនួន ៣ចំណុច នោះរួមមាន៖ ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។
សំណើវិធានការទាំង៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមនៅថ្ងៃដដែលនោះផងដែរ៕