សង្គម

រាជរដ្ឋាភិបាលកែសម្រួលអនុក្រឹត្យ ពិន័យធ្ងន់ធ្ងរចំពោះអ្នកគេចវេសមិនធ្វើចត្តាឡីស័ក

រាជរដ្ឋាភិបាល​កម្ពុជា​នៅព្រឹក​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២១នេះ បានសម្រេច​ចេញអនុក្រឹត្យកែសម្រួលមាត្រាមួយ​ចំនួន ដោយ​ធ្វើ​ការ​ផាកពិន័យធ្ងន់ធ្ងរ​ចំពោះអ្នកដែលមិនធ្វើ ឬគេចវេស​មិន​ធ្វើចត្តាឡីស័ក ព្រមទាំងអ្នកដែលញុះញង់ ឬជួយសម្រួលមិន​ឲ្យធ្វើចត្តាឡីស័ក។

ក្នុងនោះ អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ស្ដីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

ហើយជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល។

ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលបាន សេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាល យុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។

គួរ​បញ្ជាក់ដែរថា ការសម្រេច​កែសម្រួលមាត្រាខ្លះក្នុងការដាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនធ្វើចត្តាឡីស័កនេះ គឺធ្វើ​ឡើង​ក្រោយ​ពីមានពលករមួយចំនួនបានគេចវេសមិនព្រមធ្វើចត្តាឡីស័ក ដែលនាំ​ឲ្យ​មានហានិភ័យធ្ងន់ធ្ងរ​ចំពោះ​ការ​ចម្លង​វីរុស​ផ្លូវដង្ហើម​កូវីដ​១៩ មក​ក្នុងប្រទេស​កម្ពុជា ខណៈ​ដែល​ប្រទេស​ជិត​ខាង​កំពុងតែមានការរីករាលដាល​ក្នុង​សហគមន៍ធ្ងន់ធ្ងរ៕