សង្គម

កម្ពុជា សម្រេច​បិទច្រកព្រំដែនទាំងអស់ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ការពារ​ការ​រីករាល​ដាល នៃវីរុស Covid-19

យោង​តាម​លិខិត​មួយ​របស់​ក្រសួង​ការបរទេស​កម្ពុជា ផ្ញើទៅ​កាន់ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​រាជធានីភ្នំពេញ ដែល​ជា​ការ​ប្រញាប់បំផុត​នោះ​បាន​បញ្ជាក់ថា កម្ពុជា​នឹង​ធ្វើ​ការ​បិទ​រាល់​ការ​ធ្វើ​ដំណើរ​ទាំងអស់​មក​កម្ពុជា​តាម​គ្រប់​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស ក្នុង​អំឡុង​ពេល​សុភាព នៃ​ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​របស់​ប្រទេស​វៀតណាម ដែល​បាន​ចូល​ជា​ធរមាន​ចាប់ពីម៉ោង​សូន្យ ព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២០​នេះតទៅ។

ការ​បិទ​នេះ គឺ​ដើម្បី​ចៀស​វាង​ការ​លំបាក ដែល​អាច​កើត​ឡើង​នៅ​ច្រកព្រំដែន​រួម​រវាង​ប្រទេស​ទាំងពីរ ដោយ​យោង​លើ​ការ​កើន​ឡើង​យ៉ាង​គំហុក នូវ​ការ​រកឃើញ​ករណី​ឆ្លង​វីរុស Covid-19 ខណៈ​ពេល​ដែល​ប្រទេស​វៀតណាម​បាន​ដាក់​កម្រិត​លើ​ការ​ធ្វើ​ដំណើរ ដែល​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ដោយ​ឡែក​ពី​គេ​រយៈ​ពេល​១៤ថ្ងៃ ចំពោះ​អ្នក​ដំណើរ​មក​ពី​ប្រទេស​សមាជិក​អាស៊ាន រួម​ទាំង​ជនជាតិ​វៀតណាម ដែលវិលត្រឡប់​ចូលស្រុកវិញ​ផងដែរ។

សម្រាប់​កម្ពុជា ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ដោយ​ពលរដ្ឋ​វៀតណាម និង​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ទាំងអស់ នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់ពីម៉ោង ២៣ និង​៥៩នាទី​យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២០។ ហើយ​វិធានការ​នេះ មាន​គោល​បំណង​បញ្ចៀស​នូវ​ការ​លំបាក​ចំពោះ​ពលរដ្ឋ​វៀតណាម ក៏​ដូចជា​ពលរដ្ឋ​កម្ពុជា ដែល​តម្រូវឲ្យ​បង្ខាំង​ខ្លួន​នៅ​ដាច់​ពីគេ ក្រោយ​ពី​បាន​ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា ចូលទៅប្រទេស​វៀតណាម៕