ព្រៃវែង៖ ស្ដ្រីជាម្ចាស់ហាង KTV ម្នាក់បានរបួស និងសម្ភារៈក្នុងហាងបានរងការខូចខាត ក្រោយពីមានភ្ញៀវមួយក្រុមដែលមានគ្នា៥នាក់ ចូលមកផឹកស៊ីរួចអុកឡុក ព្រោះតែខឹងនារីក្នុងហាង មិនព្រមទៅដេកជាមួយ។
ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រំលងអធ្រា្រតឈានចូលថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ នៅចំណុចហាងយីហោ «ជំនោរ.មករា» ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមការរៀបរាប់របស់ប្ដីស្ដ្រីរងគ្រោះថា នៅមុនពេលកើតហេតុ ក្រុមជនបង្កដែលមានគ្នា៥នាក់បានចូលមកផឹកស៊ីច្រៀង KTV នៅក្នុងហាងរបស់ខ្លួន ដោយហៅនារីមកអង្គុយកំដរចាក់ស្រា លុះដល់ពេលកើតហេតុ ដោយសារស្រវឹងជោគជាំខ្លាំង ឈ្មោះ ហាក់ លី (ជនបង្ក) ដែលមានតួនាទីជាមន្រ្តីប៉ូលិស បានបបួលស្រីក្នុងហាង(ដៃគូកំដរ) ឲ្យទៅដេកជាមួយខ្លួននៅផ្ទះសំណាក់ ។ ពេលនោះនារីរូបនោះបានប្រកែកមិនព្រមទៅដេកជាមួយ ធ្វើឲ្យឈ្មោះ ហាក់ លី ឡូឡារអុកឡុក វាយទាត់ធាក់សម្ភារៈក្នុងហាងខូចខាតមួយចំនួន, ហើយពេលនោះ ស្រ្តីម្ចាស់ហាងឈ្មោះ ឡោ សារុំ បានចេញមកសួរនាំ ស្រាប់តែឈ្មោះ ហាក់ លី ស្ទុះទៅវ៉ៃត្រូវ១ដៃចំគល់ក.បណ្ដាលឲ្យរបួសជាំក ហើយជនបង្កក៏បានចូលទៅបើកទ្វាររថយន្ត រួចដកកាំភ្លើងខ្លីអាម៉េ សំឡុតភ្ជង់ប្រុងបាញ់សម្លាប់ម្ចាស់ហាងចោលទៀត។
ក្រោយពីមានករណីនេះកើតឡើង ឈ្មោះ ហាក់ លី ដែលមានតួនាទីជាមន្រ្តីប៉ូលិសនោះ បានដាក់ពាក្យប្តឹងម្ចាស់ហាងនេះវិញ ដោយចោទប្រកាន់ពីបទបរិហាកេរ្តិ៍ធ្វើឲ្យមានការរើសអើង ក្រោយពីកូនម្ចាស់ហាងបានបង្ហោះវីដេអូនៅពេលកើតហេតុនោះនៅលើបណ្តាញសង្គម។
យ៉ាងណាក៏ដោយ ចំពោះករណីនេះ យើងមិនអាចទាក់ទងស្វែងរកការបំភ្លឺពីឈ្មោះ ហាក់ លី នេះ បាននៅឡើយទេនៅថ្ងៃនេះ៕