អ្នកជំងឺកូវីដ១៩ ទី១២២ នៅកម្ពុជា បានជាសះស្បើយហើយនៅថ្ងៃទី១៦ ខែឧសភា និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនៅព្រឹកមិញ។
អ្នកជំងឺដែលជាសះស្បើយចុងក្រោយនេះ គឺជាស្រ្តីអាយុ៣៦ឆ្នាំ រស់នៅភូមិប៉ាលេឡៃ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ គាត់ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីខែមីនា ហើយត្រូវបាននាំយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ បន្ទាប់មកក៏ត្រូវបានបញ្ជូនឲ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។
យ៉ាងណាក៏ដោយ បើទោះបីជាពេលនេះ កម្ពុជាលែងសេសសល់អ្នកជំងឺកូវីដ១៩ និងពុំរកឃើញករណីថ្មីរយៈពេលជាង១ខែកន្លងមកក្តី តែលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅតែធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមអនុវត្តន៍វិធានការការពារខ្លួន ដោយថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវអនុវត្តន៍ជាបន្តបន្ទាប់ ជាពិសេសការត្រួតពិនិត្យដោយហ្មត់ចត់នូវសុខភាពអ្នកដំណើរដែលចូលមកក្នុងប្រទេសកម្ពុជា ដើម្បីចៀសវាងការនាំចូលនូវីរុសកូវីដ១៩, ហើយបុគ្គលគ្រប់រូប ក៏ត្រូវតែមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារការចម្លងឲ្យបានជាប់ជានិច្ចផងដែរ៕