នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនហើយ ដែលជាការកត់សម្គាល់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាក់វ៉ាក់សាំងនេះមុនគេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែប។ ក្នុងនោះសម្តេចក៏បានលើកឡើងដែរថា មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់សម្តេចលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់សម្តេចរហូតប្រើពាក្យមិនសមរម្យខ្លះមកលើសម្តេច តែយ៉ាងណាសម្តេចបានបញ្ជាក់ថា ថ្ងៃនេះកូនប្រុសរបស់សម្តេចបានទទួលវ៉ាក់សាំងមុនគេជំនួសឲ្យឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវចំពោះមុខជនរួមជាតិយើង។
សម្តេចតេជោក៏បានផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងនៅក្រៅប្រទេសដែរថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។
សម្តេចបន្តថា បងប្អូនខ្មែរដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយ ក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕