ជារៀងរាល់ឆ្នាំ ច្រើនជំនាន់មនុស្សមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនដែលខកខាននិងតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមជាលក្ខណៈសហគមន៍ដើម្បីត្រៀមរៀបចំពិធីឡើងមាឃតាមទំនៀមទម្លាប់ពីបុរាណ។
ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងបឹងដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកស្រុកបានអភិរក្សទុក ការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុន ហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។
លោក ពេជ្រ ឃិន មេភូមិភូមិបង្កោងមានប្រសាសន៍ថា ត្រីដែលចាប់បាននោះ មួយផ្នែកសម្រាប់ធ្វើម្ហូបលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតសម្រាប់ធ្វើទឹកនំបញ្ចុក និងធ្វើម្ហូបអាហាររួម សម្រាប់ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតាតាមទំនៀមបុរាណ។
លោកមេភូមិឱ្យយដឹងទៀតថា ឆ្នាំនេះសម្បូរត្រី។ ប៉ុន្តែដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់ចុងឆ្នាំច្រើនទឹកបឹងមិនសូវស្រក ការចាប់ត្រីក៏បានតិច។ ហេតុដូច្នេះ បានជាត្រូវពន្យារការចាប់ត្រីពីថ្ងៃ៣កើត ខែមាឃ ដែលធ្លាប់ធ្វើរាល់ឆ្នាំ មកថ្ងៃ៩រោច ខែមាឃវិញ។ ទោះបី ពិធីនេះមិនបានប្រារព្ធក្នុងថ្ងៃណាមួយច្បាស់លាស់ តែមិនឱ្យហួសពីខែមាឃនេះឡើយ។
ប្រជាជនក្នុងភូមិបង្គោង យុវជន លោក យឿន តារា ដែលក្រោកមកចាំចាប់ត្រីតាំងពីព្រលឹមស្រាងៗ បានសម្តែងចិត្តសប្បាយរីករាយដែលបានមកចាប់ត្រីរួមគ្នា ដែលបង្ហាញការសាមគ្គីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ពិសេសរក្សាបាននូវទំនៀមទម្លាប់ដែលមានតាំងពីយូរលង់មកហើយ។ ក្នុងនាមជាយុវជន លោកចង់ឱ្យទំនៀមនេះនៅតែបន្តសម្រាប់ឱ្យកូនចៅជំនាន់ក្រោយស្គាល់រហូតតទៅ។
ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ក្រៅពីបង្ហាញឱ្យឃើញតម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងភាពរស់រវើកនៅតាមសហគមន៍ និងដើម្បីអបអរដល់ទិន្នផលទទួលបាន ក្រោយពីបានប្រមូលផលស្រូវរួចរាល់ហើយ។ ចំពោះពិធីនេះ ក៏មានការប្រារព្ធប្រហាក់ប្រហែលគ្នានៅតាមស្រុក និងខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា