កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក-ទឹក ជាង ៥ពាន់នាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ ការទទួលបាននេះ គឺក្រោយពីមានការសម្រេចយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីមានសំណើរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងលិខិតចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានជម្រាបជូនសម្តេចតេជោថា “អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលផ្តល់អាទិភាពដល់កងកម្លាំងជួរមុខដើម្បីទទួលបាននូវវ៉ាក់សាំងការពារ Covid-19 នោះ អគ្គស្នងការដ្ឋាននគរបាលជាតិបានពិចារណា និងគោរពស្នើសុំសម្តេចតេជោ មេត្តាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ផ្តល់ការចាក់វ៉ាក់សាំងការពារ Covid-19 ដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក-ទឹក ដែលមានចំនួនសរុប ៥.២២៨នាក់ ក្នុងពេល ជាមួយគ្នានឹងការចាក់វ៉ាក់សាំងដល់កងយោធពលខេមរភូមិន្ទ។ តាងនាមកងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែន-ទឹក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយការលំបាក រួមទាំងសុខមាលភាពរបស់កងកម្លាំងនគរបាលជាតិនៅជួរមុខ”។