តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ ស្អែកនេះ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីមធ្យមទៅខ្លាំង ហើយនៅថ្ងៃទី៨-៩ ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស ដែលបក់មកពីឈូងសមុទ្រថៃ។
ស្ថានភាពនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពទាបបំផុតអាចមានពី ១៩-២០អង្សាសេ ហើយនៅថ្ងៃទី៨-៩ កុម្ភៈ សីតុណ្ហភាពមានពី ២២-២៥អង្សាសេ និងមានភ្លៀងពីខ្សោយទៅមធ្យម នៅខេត្តតាកែវ កណ្តាល កំពង់ស្ពឺ ព្រៃវែង ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពទាបបំផុតមានពី ១៦-១៩អង្សាសេ ហើយនៅថ្ងៃទី៨-៩ កុម្ភៈ សីតុណ្ហភាពនឹងឡើងពី ២០-២៣ អង្សាសេ ព្រមជាមួយខ្យល់ខ្សោយនៅតំបន់នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម។
សម្រាប់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពទាបបំផុតមានពី ២០-២៣អង្សាសេ ហើយនៅថ្ងៃទី៨-៩ កុម្ភៈ សីតុណ្ហភាពនឹងឡើងពី ២១-២៤អង្សាសេ ព្រមទាំងមានភ្លៀងពីខ្សោយ ទៅមធ្យមនៅខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕