នៅថ្ងៃនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិជាពិសេសសត្វអណ្តើកថ្មភក់ ដែលបានប្រទះឃើញនៅក្នុងការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យាប្រាសាទកណ្តាលស្រះស្រង់។
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិនៅក្នុងប្រាសាទកណ្តាលស្រះស្រង់នេះ គឺក្នុងគោលបំណងសូមឲ្យដំណើរការជួសជុលប្រាសាទបានសម្រេចជោគជ័យ ប្រជាជនកម្ពុជាចាកផុតពីជំងឺកាចសាហាវ និងសូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពសម្បូរសប្បាយ រុងរឿងដូចបុរាណកាលជារាងរហូត។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ហើយពិសេសជាងនេះទៀត គឺសត្វអណ្តើកធ្វើពីថ្មភួកចំនួន២។
បើតាមលោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនិងជាតំណាងក្រុមកំណាយនៅការដ្ឋានប្រាសាទកណ្តាលស្រះស្រង់បានឲ្យដឹងថា តាមការសន្និដ្ឋានបណ្តោះអាសន្ន អណ្តើកថ្មភក់នេះ គឺគេប្រើសម្រាប់បញ្ចុះក្រោមគ្រឹះប្រាសាទ។ ប៉ុន្តែការសិក្សាត្រូវការពេលវេលា ហើយយើងមិនអាចសន្និដ្ឋានអ្វីមួយឲ្យដាច់ស្រេចនោះទេព្រោះថា អណ្តើកមានន័យច្រើនដែលពិបាកកំណត់ឲ្យបានច្បាស់លាស់អំពីតួនាទីរបស់វា។ អណ្តើកត្រូវបានគេរកឃើញមិនថា តែនៅស្រុកខ្មែរនោះទេ ប៉ុន្តែថែមទាំងនៅស្រុកឥណ្ឌានិងនៅបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន។
នៅក្នុងស្នូកអណ្តើកគេធ្លាប់រកឃើញថ្មមានតម្លៃរុំដោយសន្លឹកមាស និងរបស់របរមួយចំនួនទៀតដែលអាស្រ័យទៅលើទីតាំងរកឃើញ ចំណែកឯនៅក្នុងខ្លួនអណ្តើកប្រាសាទស្រះស្រង់វិញ គឺពុំឃើញមានអ្វីជារបស់មានតម្លៃដូចបានបរិយាយខាងលើទេ។ តែវាមានតម្លៃសម្រាប់ការសិក្សាអំពីការរៀបចំទុកដាក់អណ្តើកក្នុងន័យជំនឿកាលពីសម័យនោះ៕