តាមការបញ្ជាក់របស់លោក វង្ស៊ី វិស្សុត មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ រហូតដល់ទៅ ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក្នុងនោះ ១១លានដូសជាជំនួយរបស់ប្រទេសជាមិត្ត និងអង្គការដៃគូ។
ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ លោក វង្ស៉ី វិស្សុត បានអះអាងថា ប្រភពវ៉ាក់សាំងដំណាក់កាលដំបូងនេះ តាមយន្តការកូវ៉ាក់ ៧លានដូស, ១លានដូសជាជំនួយរបស់ចិន ដែលដឹកមកដល់ខែកុម្ភៈ និង ៣លានដូស ជាជំនួយរបស់អូស្ត្រាលី។
ដោយឡែក ៩លានដូសទៀត អាចទទួលបានតាមរយៈជំនួយរបស់ចិន ដែលចិនផ្តល់ថវិកាយកទៅទិញ, ហើយជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានស្នើជំនួយវ៉ាក់សាំងពីរុស្ស៉ី និងថវិកាសប្បុរសជនដែលមានជាង ៥៧លានដុល្លារផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ក៏បានគូសបញ្ជាក់ដែរថា វ៉ាក់សាំងកូវីដ១៩ ក៏ជាយុទ្ធសាស្ត្រមួយសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញផងដែរ ដោយផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ និងអ្នកជំនួញ៕