សង្គម

ឆ្នាំ​២០២០ គ្រោះថ្នាក់ចរាចរណ៍​ធ្លាក់ចុះ២៣ភាគរយ

តាម​ការ​បញ្ជាក់របស់​លោក​នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិឲ្យដឹងថា រយៈពេលមួយឆ្នាំ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ពោល​គឺនៅ​ក្នុងឆ្នាំ​២០២០កន្លងទៅនេះ ករណីគ្រោះថ្នាក់ចររាចណ៍បានកើតឡើងចំនួន ៣,១៧៩លើក ដែលចំនួន​នេះ​ថយចុះចំនួន៩៤២លើក ស្មើរនឹង២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៦៤៦នាក់ ថយចុះចំនួន៣៣៥នាក់ស្មើរនឹង១៧ភាគ ធៀបនឹងឆ្នាំ២០១៩ ដោយឡែកអ្នករបួសមានចំនួន៤,៦៨៦ ថយចុះចំនួន១,៤៥៥នាក់ ស្មើរនឹង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ការ​ធ្លាក់ចុះ​នូវចំនួនគ្រោះថ្នាក់ និង​ចំនួនអ្នក​ស្លាប់នេះ ត្រូវលោកនាយ​ឧត្តម​សេនីយ៍​អះអាងថា គឺជាជោគជ័យ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍។

ការ​រឹតបន្តឹង​ច្បាប់ចរាចរណ៍ដែល​បាន​អនុវត្ត​កាលពីឆ្នាំ​២០២០ ក៏​បានធ្វើការ​ត្រួតពិនិត្យយានយន្ដសរុប ១លាន៧សែនគ្រឿង រួមមាន ម៉ូតូ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥,៨៨៥គ្រឿង ស្មើនឹង២០ភាគរយ ដែលបទល្មើសភាគច្រើនមិនពាក់មួកសុវត្ថិភាព។ ហើយសម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់ មានរហូតដល់៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់៕