សង្គម

ច្បាប់​ចរាចរណ៍​ផ្លូវគោកនឹងត្រូវធ្វើវិសោធនកម្ម ដើម្បីចៀសវាង​ការ​បកស្រាយខុស

ក្រសួងសាធារណការ និង​ដឹកជញ្ជូន កាលពីថ្ងៃទី១២ ឧសភា ម្សិលមិញ បាន​បើក​កិច្ច​ប្រជុំ​ជាមួយ​មន្រ្តីពាក់ព័ន្ធ ដើម្បីពិភាក្សា​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។

តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និងការកំណត់និយមន័យពាក្យគន្លឹះឱ្យមានន័យកាន់តែច្បាស់លាស់ ជាក់លាក់ទៅតាមបរិបទច្បាប់នេះ សំដៅការពារផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ និងបរិស្ថានជារួម ព្រមទាំងងាយស្រួលអនុវត្តន៍ និងចៀសវាងការបកស្រាយខុស។

លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំការ នៃក្រសួងសាធារណការ និង​ដឹកជញ្ជូន បានមានប្រសាសន៍ថា ការកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និងការកំណត់និយមន័យនៃច្បាប់នេះ គឺនឹងបន្តពិភាក្សាម្ដងមួយជំពូកៗរហូតដល់ចប់ ដើម្បីដាក់ឆ្លងស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការពិនិត្យ កែសម្រួល មុននឹងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម។

តាមការ​បញ្ជាក់របស់ ចាន់កុសល ថា កិច្ចប្រជុំនេះបានកែសម្រួលពាក្យពេចន៍ ឃ្លាឃ្លោងជាច្រើនក្នុងនោះរួមមាន ពាក្យដូចជារថយន្តទេសចរណ៍ទៅជារថយន្តគ្រួសារជាដើម៕