ប្រជានេសាទនៅក្នុងខេត្តស្ទឹងត្រែងបានត្អូញត្អែរថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគាត់កម្រនឹងនេសាទបានត្រីប៉ាសេអ៊ី ដែលជាត្រីដ៏មានតម្លៃ និងល្បីល្បាញនៅខេត្តភូមិភាគឦសាននេះណាស់។
បើតាមការបញ្ជាក់របស់អ្នកនេសាទនៅក្រុងស្ទឹងត្រែងថា បន្ទាប់ពីមានវារីអគ្គីសនីមក ត្រីមិនសូវសម្បូរដូចមុននោះទេ ជាពិសេសត្រីប៉ាសេអ៊ី គឺមិនសូវឃើញមាននៅក្នុងទន្លេខេត្តស្ទឹងត្រែងឡើយ ហើយក្នុងរដូវនេសាទឆ្នាំនេះ គាត់រកត្រីប៉ាសេអ៊ីបានតែពីរក្បាលប៉ុណ្ណោះ គឺក្នុងទម្ងន់ត្រឹម១គីឡូក្រាម។
ទាក់ទិននៃការថយចុះនូវបរិមាណត្រីប៉ាសេអ៊ីក្នុងខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានលើកឡើងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីឆ្លងដែន ដែលការចរាចរណ៍របស់វារវាងកម្ពុជា និងឡាវ ។ ហើយត្រីប្រភេទនេះ គឺមានវត្តមានតែក្នុងខេត្តស្ទឹងត្រែង និងជាប្រភេទត្រីរស់នៅ និងពងកូន ស្ថិតនៅប៉ែកខាងប្រទេសឡាវ ក៏ប៉ុន្តែនៅពេលដល់រដូវកាលរបស់វាដែលត្រូវចុះមកប៉ែកខាងកម្ពុជា ដើម្បីស៊ីចំណី និងធ្វើដំណើរទៅវិញទៅមក ។
លោកនាយខណ្ឌបញ្ជាក់ថា វត្តមានរបស់ប៉ាសេអ៊ីនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ គឺមានបរិណតិច គឺដោយសារនៅព្រំប្រទល់ និងប៉ែកខាងប្រទេសឡាវ បានសាងសង់សំណង់វារីអគ្គីសនី កន្លែងនោះហើយ គឺជាច្រកដែលត្រីប៉ាសេអ៉ីបំលាស់ទីឡើងចុះ ហេតុនេះហើយទើបត្រីប៉ាប៉ាសេអ៊ីមិនអាចឡើងចុះបានទេ ដូច្នេះទើបក្នុងរដូវកាលនេះ បរិមាណវាគឺមានតិចតួច៕