សង្គម

ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ធ្វើឲ្យ​កម្ពុជាចុះត្រជាក់ តែចុងសប្តាហ៍​នេះ ​នឹង​ឡើងកម្តៅ​បន្តិចវិញ ជាមួយ​នឹងការធ្លាក់ភ្លៀង

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពីជ្រលង​សម្ពាធខ្ពស់ និង​ខ្យល់មូសុងឦសានចុះខ្សោយ ដែល​ធ្វើ​ឲ្យ​ចុះ​ត្រជាក់ តែនៅថ្ងៃទី២៣-២៦ ខែមករា ចុងសប្តាហ៍​នេះ អាកាសធាតុនៅព្រះរាជាណាចក្រ​កម្ពុជា នឹង​ឡើង​កម្តៅបន្តិច​វិញ ក្រោយពី​ទទួល​ឥទ្ធិពល ពីកម្រិត​សម្ពាធ​ទាបខ្សោយ។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់វាល​ទំនាប​កណ្តាល សីតុណ្ហភាព អាច​មានពី ១៧-២២អង្សាសេ តែចុងសប្តាហ៍​នេះ សីតុណ្ហភាពមានពី ២០-២៥អង្សាសេ ហើយ​នឹង​អាច​មាន​ភ្លៀងធ្លាក់ពីកម្រិត​ខ្សោយ​ទៅ​មធ្យម នៅ​តំបន់​ទំនាប​ភាគ​ខាង​ត្បូង។

សម្រាប់​បណ្តា​ខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន សីតុណ្ហភាព​មានពី ១៣-១៨អង្សាសេ ហើយ​នៅចុងសប្តាហ៍នេះ មានពី ១៩-២១អង្សាសេ នឹងអាច​មាន​ភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម នៅ​តំបន់​ខ្ពង់រាបភាគ​ខាងកើត។

ដោយ​ឡែក​តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានពី ២៣-២៥អង្សាសេ ហើយ​ចុងសប្តាហ៍​នេះ នឹងអាចមាន​ភ្លៀងផ្គរ រន្ទះពីខ្សោយ​ទៅបង្គួរ៕