បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ប៉ុន្តែទីបំផុត សមត្ថកិច្ចបានរកឃើញគាត់វិញនៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ហើយបានចាប់បញ្ជូនរូបគាត់ទៅធ្វើចត្តាឡីស័កសាជាថ្មី នៅមណ្ឌមណ្ឌលក្នុងខណ្ឌព្រែកព្នៅ ព្រមទាំងយកវត្ថុសំណាកទៅធ្វើតេស្តម្តងទៀតដែរ។
អ្នកដំណើរនេះ ត្រូវបានបញ្ជាក់ថា មានឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យ បានយកសំណាក ទៅពិនិត្យ ហើយដាក់ឱ្យចត្តាទ្បីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន តែនៅថ្ងៃទី១៦ មករានោះ ពេលគាត់តៅហូបអាហារពេលព្រឹក ក៏បានឆ្លៀតឱកាសរត់គេច តែម្តង៕