សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅយប់មិញនេះថា សម្តេចបានសម្រេចទទួលយកវ៉ាក់សាំងចំនួន ១លានដូស សម្រាប់មនុស្ស៥០ម៉ឺននាក់ ដែលប្រទេសចិននឹងផ្តល់ជាជំនួយដល់ប្រទេសកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថា កាលពីមុន សម្តេចបានថ្លែងថា កម្ពុជានឹងទទួលយកវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក, ប៉ុន្តែមកទល់ពេលនេះ អង្គការសុខភាពពិភពលោកនៅមិនទាន់ទទួលស្គាល់វ៉ាក់សាំងណាមួយនៅឡើយទេ ហើយដោយភាពចាំបាច់មិនអាចរង់ចាំតទៅទៀតបាន សម្រាប់តម្រូវការការពារជាតិ និងការពារប្រជាជន ដូច្នេះសម្តេចក៏សម្រេចទទួលយកវ៉ាក់សាំងរបស់ប្រទេសចិននេះ ដែលមានមេដឹកនាំចិន ព្រមទាំងមនុស្សរាប់លាននាក់ រាប់ទាំងប្រទេសឥណ្ឌូនេស៊ីកាលពីពេលថ្មីៗនេះ ក៏បានប្រើប្រាស់វ៉ាក់សាំងនោះផងដែរ។
តើអ្នកណាខ្លះដែលទទួលបានវ៉ាក់សាំងមុនគេ?
តាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី វ៉ាក់សាំង១លានដូសដំបូងនេះ អ្នកដែលនឹងទទួលបានការចាក់មុនគេ គឺអ្នកដែលនៅជុំវិញនាយករដ្ឋមន្រ្តីតែម្តង ដែលជាភាពចាំបាច់សម្រាប់ការពារថ្នាក់ដឹកនាំប្រទេស, ហើយក៏អាចមានអ្នកនៅជុំវិញព្រះមហាក្សត្រ, អ្នកនៅជុំវិញប្រធានព្រឹទ្ធសភា, អ្នកនៅជុំវិញប្រធានរដ្ឋសភា ព្រមទាំងមនុស្សជាខ្សែត្រៀមជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏កំពុងតែគិតពីការទិញបន្ថែម ឬស្នើសុំបន្ថែម ពីមិត្តចិន ឬប្រទេសដទៃទៀត នៅក្នុងស្ថានភាព នៃការគ្រប់គ្រងវ៉ាក់សាំងនោះបាន ដូចជាការដឹកជញ្ជូន និងការរក្សាទុក ដែលកម្ពុជាមានលទ្ធភាព។
បើតាមការបញ្ជាក់របស់សម្តេចតេជោ វ៉ាក់សាំងដែលកម្ពុជាទទួលយកពីចិននេះ គឺវ៉ាក់សាំង ស៊ីណូហ្វាម ដែលត្រូវបានគេប្រើប្រាស់រួចទៅហើយនៅប្រទេសអេហ្ស៊ីប ក៏ដូចជាប្រទេសដទៃទៀតនៅតំបន់អាហ្រ្វិក និងអាមេរិកឡាទិនជាដើម៕