លោក ដួង តារា ដែលគេដឹងថា គឺជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកមិញនេះ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរស់នៅ ក្រោយពីក្រុមចោរបានកាច់កញ្ចក់ឡានរបស់លោកទាំងសងខាងកាលពីយប់មិញ ពេលចតនៅខាងមុខផ្ទះ ព្រមទាំងយកដុំថ្មមកគប់កញ្ចក់ឡានរបស់លោកថែមទៀត។
លោក ដួង តារា បានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំសារកាមេរ៉ាមេីយប់មិញរវាងម៉ោង 1:30 យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ… ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ…»។