គណៈកម្មការមួយដែលត្រូវឲ្យឈ្មោះថា គណៈកម្មការកំណែទម្រង់នគរបាលជាតិ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ដែលមានសមាសភាពចំនួន ២៧រូប ដឹកនាំដោយសម្តេចផ្ទាល់។
គណៈកម្មការនេះ មានភារកិច្ច សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់ធ្វើការវិភាគមុខងារ រចនាសម្ព័ន្ធ នៃអង្គភាពនីមួយៗ ដើម្បីកំណត់ក្របខណ្ឌ ឋានន្តរស័ក្តិ ការបំពាក់មធ្យោបាយសម្ភារៈបម្រើការងារ និងការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស សំដៅធ្វើការកែទម្រង់នគរបាលជាតិកម្ពុជា សម្រាប់រយៈពេលចំពោះមុខ និងរយៈពេលមធ្យម ទៅរយៈពេលវែងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
គណៈកម្មការនេះ ក៏នឹងធ្វើការពិនិត្យ សិក្សាលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តថ្មីៗបន្ថែមទៀត សំដៅបម្រើដល់ការងារកំណែទម្រង់នគរបាលជាតិកម្ពុជាផងដែរ៕