សង្គម

មនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់ ៤នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទេសចរណ៍ និងរថយន្ដដឹកខ្សាច់នៅស្រុកភ្នំស្រួច

នគរបាលខេត្តកំពង់ស្ពឺបានអោយដដឹងថា មនុស្ស ២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស៤នាក់ ផ្សេងទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត។

ឧបទ្ទវហេតុបានកើតឡើង នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១នឹង១៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខខេមរភូមិន្ទ០១ 3-2869 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង-ក្រហម ពាក់ស្លាកលេខខេមរភូមិន្ទ០១ 4A-2869 អ្នកបើកបរឈ្មោះ ចាន់ ទី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្បែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងលិចទៅទិសកើតលុះដល់ចំណុចខាងលើបានរេចង្កូតទៅកៀររថយន្តមួយគ្រឿង ម៉ាក KIA ពណ៌លឿង ពាក់ស្លាកលេខសៀមរាប 3A-1240 (ប្រភេទរថយន្តក្រុង) អ្នកបើកបរពុំទាន់ស្គាល់ឈ្មោះនិងអាស័យដ្ឋាន(ចុះរត់គេចខ្លួនបាត់) ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។

លោកស្នងការរងបន្តថាបណ្តាលឱ្យមនុស្សស្លាប់និងខូចខាតសម្ភារ៖ ស្លាប់០២នាក់ (ស្រី) (អ្នករួមដំណើរក្នុងរថយន្តក្រុង មិនទាន់ស្គាល់ឈ្មោះនិងអាស័យដ្ឋាន), របួសធ្ងន់ ០៤នាក់ (ប្រុស) (០១នាក់ ជាអ្នកបើកបររថយន្តFUSO និង ០៣នាក់ទៀត ជាអ្នករួមដំណើរក្នុងរថយន្តក្រុង មិនទាន់ស្គាល់ឈ្មោះនិងអាស័យដ្ឋាន)។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធ មករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕