ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅព្រឹកនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលព្យាបាលយូរជាងគេ គឺដោយសារ អ្នកជំងឺម្នាក់នៅខេត្តកំពង់ឆ្នាំង អាយុ៧៥ឆ្នាំ មានជំងឺទឹកនោមផែ្អម លើសឈាម និងអ្នកជំងឺម្នាក់ទៀត អាយុ៣៦ឆ្នាំ នៅខេត្តបន្ទាយមានជ័យ មានជំងឺផ្លូវចិត្ត។
តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីសុខាភិបាលថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ដែលកំពុងព្យាបាលយូរជាងគេនោះ ពេលនេះត្រូវបានបញ្ជូនពីខេត្តបន្ទាយមានជ័យ និងកំពង់ឆ្នាំង មកកាន់មន្ទីពេទ្យខ្មែរសូវៀត ហើយសង្ឃឹមថាពួកគាត់នឹងជាសះស្បើយឆាប់ៗនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩៕