ក្រសួងសុខាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានធ្វើការក្រើនរំលឹកទៅដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ ត្រូវតែចេញវេជ្ជបញ្ជាដល់អ្នកជំងឺតាមរយៈកុំព្យូទ័រ ដោយមិនត្រូវសរសេរដៃនោះឡើយ ហើយអ្នកដែលនៅបន្តចេញវេជ្ជបញ្ជាដោយដៃ អាចនឹងត្រូវធ្វើការផាកពិន័យ ឬក៏ដកអាជ្ញាប័ណ្ណ ព្រមទាំងបិទកន្លែងព្យាបាលនោះតែម្តង។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៦ ក្រសួងបានចេញសារាចរណែនាំមួយ ស្តីពីការចេញវេជ្ជបណ្ឌា និងលទ្ធផលពីមន្ទីរពិសោធន៍ ឬសេវាអមវេជ្ជសាស្រ្ត ។ ក្រោយចេញសារាចរនោះ ក្រសួងសង្កេតឃើញថា មានកន្លែងព្យាបាលឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវក្នុងការចេញវេជ្ជបណ្ជាតាមកុំព្យូទ័រ ហើយទន្ទឹមនេះ ក៏មានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រមអនុវត្តតាមការណែនាំនេះដែរ ដោយនៅតែបន្តចេញវេជ្ជបណ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្តទៀតផង។