ដើម្បីការពារបរិស្ថានតាមបឹងទន្លេសាប និងពិសេសជួយការពារជីវចម្រុះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី បានបង្កើតគម្រោងយកប្លាស្ទិកដូរយកអង្ករ និងរបស់បរិភោគ ដោយអនុវត្តជាមួយនឹងសហគមន៍នានាដែលកំពុងរស់នៅក្នុងបឹងទន្លេសាប។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា គម្រោងអង្ករដូរយកប្លាស្ទិកនេះ គឺធ្វើឡើងក្នុងទិសដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈចម្រុះក្នុងបឹងទន្លេសាបជាពិសេសមច្ឆាជាតិ និងជីវចម្រុះផ្សេងៗទៀត។
ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះ ពលរដ្ឋដែលរើសប្លាស្ទិក៥គីឡូក្រាម ពួកគាត់អាចដូរអង្ករបាន១០គីឡូក្រាម។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា “ចំពោះសំណល់ប្លាស្ទិកដែលប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះ គឺមួយផ្នែកនឹងយកទៅឱ្យគេផលិតឥដ្ឋសំណង់, ព្រោះថា ការដុតសំណល់ប្លាស្ទិកផ្សេងវានឹងនាំឲ្យបំពុលបរិយាកាស”។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗមានថង់ប្លាស្ទិករាប់សិបថង់បានហូរពីបឹងសៀមរាបចាក់ចូលទៅបឹងទន្លេសាប, ក្នុងនោះកាលពីឆ្នាំ២០១៩កន្លងទៅមានថង់ចំនួនជាង៤ពាន់ការ៉ុងត្រូវបានប្រមូលចេញពីបឹងទន្លេសាប៕