សង្គម

ក្រសួងសុខាភិបាលព្រមានពីគ្រោះថ្នាក់ ចំពោះការបាញ់ទឹកអាល់កុល លេីរាងកាយ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានធ្វើ​ការ​ព្រមានថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ តែវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្ស លេីកលែងតែការលាងសំអាតដៃប៉ុណ្ណោះ។

លោកជំទាវបានលើកឡើងថា តាមអង្គការ​សុខភាពពិភពលោក គឺមិន​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ ឬអាល់កុល ឬសារធាតុ​សម្លាប់​មេរោគ​ទៅលើ​ខ្លួន​មនុស្ស នៅ​ក្នុង​គ្រប់​កាលៈទេសៈ ព្រោះថា សារធាតុទាំងនេះ អាច​ធ្វើ​ពុល ប្រសិន​បើ​ប៉ះមាត់ ហើយ​លេបចូល​ទៅ​អាច​ធ្វើ​ឲ្យ​រំខាន រមាស់ ឬ​រលាក​អាល់ឡែកហ្ស៊ីស្បែក ធ្វើ​ឲ្យ​ខូច​ស្បែក និង​ភ្នែក​របស់​មនុស្ស។

លោកជំទាវបញ្ជាក់ថា ថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវ​ប្រើប្រាស់​ដោយ​ប្រុងប្រយ័ត្ន សម្រាប់​លាង​សម្អាតផ្ទៃទីកន្លែង​ណាមួយ​តែប៉ុណ្ណោះ ហើយ​ត្រូវ​ចងចាំថា ត្រូវ​រក្សា​សារធាតុគ្លរីន ឬសារធាតុ​សម្លាប់មេរោគផ្សេងទៀតឲ្យឆ្ងាយ និង​ផុត​ពីដៃក្មេង ប្រយ័ត្ន​គ្រោះថ្នាក់៕