សង្គម

កម្ពុជា​នឹង​ចុះ​ត្រជាក់ខ្លាំងជាមួយ​ការធ្លាក់ភ្លៀង រីឯ​តំបន់​មាត់សមុទ្រ​នឹងមាន​ខ្យល់​ខ្លាំង​, ក្រសួងស្នើ​ឲ្យ​ប្រុងប្រយ័ត្ន

ក្នុងសេចក្តីជូនដំណឹង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​ ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា នៅ​ថ្ងៃទី​២៣-២៤ ខែធ្នូ ឆ្នាំ​២០២០ ភាគ​ខាងជើង​នៃប្រទេស​កម្ពុជា នឹងទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ និង​ភាគខាងត្បូង​នៃ​កម្ពុជា ទទួល​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​ក្រវាញ លើក​ទី​២៣​, ហើយថ្ងៃទី​២៤ -២៩ ខែធ្នូ កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​មធ្យម​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​ បណ្តា​ខេត្ត​នៅ​តំបន់​រាល​ទំនាប​កណ្តាល​ ពី​ថ្ងៃទី​២៣-២៥ ខែធ្នូ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ​ ហើយ​សីតុណ្ហភាពអាចនឹងធ្លាក់ចុះ​ដល់ ១៩អង្សាសេ។​

សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន​ ​នៅ​ថ្ងៃទី​២៣-២៥ ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម ហើយសីតុណ្ហភាពអាចនឹងធ្លាក់ចុះ​ដល់ ១៧អង្សាសេ។

សម្រាប់​តំបន់​មាត់សមុទ្រ​ ពី​ថ្ងៃទី​២៣-២៤ ខែធ្នូ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​បង្គួរ និង​នៅ​ផ្ទៃសមុទ្រ​អាច​នឹងមាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។ ចំណែកសីតុណ្ហភាពអាចនឹងមាន​ពី​២០-២៣ អង្សា​សេ៕