លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា «សូមកុំមើលស្រាលលើលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ធ្វើឲ្យយើងងាយភ្លេចវីរុសកូវីដ-១៩ ដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពឲ្យវីរុសកូវីដ-១៩ សប្បាយរីករាយក្នុងការវ៉ៃឡុកសរីរាង្គយើងដោយងាយស្រួល និងដោយមិនដឹងខ្លួនបានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែង…»។
លោកជំទាវ បានបន្តថា ការធ្វេសប្រហែសរបស់បុគ្គល និងអាចនាំមកនូវការចម្លងវីរុសកូវីដ-១៩ ក្នុងគ្រួសារ និងក្នុងសហគមន៌ដោយមិនដឹងខ្លួន។ ដូច្នេះ ការខិតខំអនុវត្តន៌វិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងចេះកែប្រែឥរិយាបទរបស់ខ្លួនសម្រាប់ការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាភារកិច្ចរបស់បុគ្គលម្នាក់។
ឆ្លៀតនាឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៏នូវវិធានការ ៣ការពារ ៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង វិធានការ ៣កុំ ៖ កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំទៅកន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នា ដូចជាការជួបគ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកកគ្នា ជាដើម៕