កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីថ្ងៃម្សិលមិញនេះ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង ចំនួន២ទីតាំង ស្ថិតនៅក្នុងក្រុងបាត់ដំបង។
តាមលោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ទី១ ធ្វើឡើងនៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលករណីល្បែងស៊ីសងភ្នាល់ប្រដាល់ និងទី២ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ជាករណី ចាក់ភ្នាល់អាប៉ោង។
យ៉ាងណាក៏ដោយ ករណីទាំង២នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធតែ៦នាក់ រួមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី៕