គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ក្នុងរយៈពេល១សប្តាហ៍ នៃការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ដែលផ្តើមកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៣៩៦៨ករណី ដោយក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០៨១៥ករណី និងរថយន្តចំនួន ៣១៥៣ករណី។
បើតាមគណៈកម្មាធិការថា ក្រោយការអនុវត្តការរឹតបន្តឹងច្បាប់ចរាចណ៍នេះ ឃើញថា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះជាង៥០ភាគរយ ហើយអ្នកស្លាប់ថយចុះ ៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។
ជាមួយគ្នានេះ បើតាមការកត់សម្គាល់របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថា អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនលើសលប់នៅទូទាំងប្រទេសបានចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល ដែលបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់មានស្មារតីបន្តអនុវត្តភារកិច្ចកាន់តែសកម្មខ្លាំងក្លាថែមទៀត៕