សង្គម

រដ្ឋបាលជលផល អំពាវនាវដល់ពលរដ្ឋដែលចង់ធ្វើប្រហុកផ្អក សូមត្រៀមខ្លួននៅចុងសប្តាហ៍នេះ

តាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផលបាន​ឲ្យដឹងថា រដូវធ្វើ​ប្រហុកផ្អក នឹង​ចាប់​ផ្តើម​នៅ​ចុងសប្តាហ៍នេះហើយ ពោល​គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែធ្នូ ដែលរយៈ​ពេលនេះ នឹង​មាន​ត្រីច្រើន។

រដ្ឋបាលជលផល​បាន​បញ្ជាក់ថា បន្ទាប់ពី​បានធ្វើ​ការសង្កេត តាមដាន​លើ​កម្ពស់​ទឹក ដែល​ហូរ​ចេញពី បឹង​ទន្លេសាប​រួច ឃើញថា គន្លង​ដាយ នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី បាន​ច្រើន នៅក្នុង​ខែបុស្ស​នេះ គឺ​ចាប់​ពីថ្ងៃ ៦​កើត ដល់​ថ្ងៃ ១២​កើត ត្រូវ​នឹង​ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ ប្រសិនបើ មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​។​

ដូច្នេះ​សម្រាប់​បងប្អូនប្រជាពលរដ្ឋ ដែលមាន​បំណង​ធ្វើ ប្រហុក ផ្អក ត្រីឆ្អើរ ។​ល​។ សម្រាប់​ទុក​បរិភោគ​ប្រចាំឆ្នាំ មេត្តា​អញ្ជើញ​មក​ទិញ​ត្រី ក្នុង​ខែបុស្ស​នេះ ឲ្យ​បាន​រួសរាន់ តាម​ពេលវេលា និង​ទីកន្លែង ដូច​បាន​ជម្រាបជូន​ខាងលើ​៕