លោក រស់ រត្ន័ ដែលមានតួនាទីជាអភិបាលរងស្រុកអង្គរបុរី ពេលនេះកំពុងតែមានប្រជាប្រិយភាពរឿងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋក្រីក្រដែលសង់រោងលក់ស៊ុបមីចិញ្ចឹមជីវិត ក្រោយពីលោកបានដឹកនាំកម្លាំងចុះទៅវាយកម្ទេចរបងផ្ទះនោះ ខណៈសំណង់រឹងមាំជារបស់អ្នកមានលុយ លោកមិនហ៊ានវាយទេ។
ការចុះវាយកម្ទេចនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំនុចភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។
បើតាមការអះអាងពីអ្នកស្រី សុខ ឡុញ អាយុ៥៧ឆ្នាំ ដែលជាម្ចាស់រោងលក់ស៊ុបថា លោក រស់ រត្ន័ នេះ គ្រាន់តែចុះមកដល់រោងគាត់ភ្លាម បានទាញញញួរចូលទៅវាយរបង និងលូរបង្គន់គាត់ភ្លាមៗ ដោយហាក់បីដូចជាមានគំនុំជាមួយគាត់ពីពេលណាមកអញ្ចឹង។
លោកស្រីថា គាត់បានសង់រោងស្នាក់នៅលក់ដូរចិញ្ជឹមជីវិតដោយគាត់គ្មានកន្លែងនៅទេ ហើយនៅជិតៗគាត់គេសង់សុទ្ធតែផ្ទះថ្មធំៗ ចម្លែកអីតែគាត់ជាអ្នកក្រីក្រ សុំរស់នៅនិងគេងផងមិនបាន ហើយបើរដ្ឋត្រូវការដីចំណីផ្លូវពេលណា ក៏យកទៅ ដោយលោកស្រីប្រគល់ឲ្យដៃពីរ ហើយបើលោក រស់ រត្ន័ មិនឲ្យគាត់នៅទីនេះ សូមលោកដេញអ្នកផ្សេងៗផង ហេតុអីបានជាមកដេញអីតែលោកស្រីម្នាក់ឯងទៅវិញ។
ជុំវិញករណីខាងលើ លោក រស់ រត្ន័ មិនបានអត្ថាធិប្បាយអ្វីទេនៅពេលធ្វើសម្ភាសន៍តាមទូរស័ព្ទ ដោយលោកថា បើចង់ដឹងអី សូមទៅជួបលោកនៅសាលាស្រុក។
ចំណែកលោក យុង ប៊ុនយ៉ុន អធិការស្រុកអង្គរបូរីបានថ្លែងថា លោកបានឲ្យកំលាំងរបស់លោកចូលរួម តែមិនឲ្យប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋទេ ហើយរឿងវាយរបងនិងលូរបស់ពលរដ្ឋ កម្លាំងរបស់លោកមិនពាក់ពន្ធ័ឡើយ។
យ៉ាងណាក៏ដោយ មហាជនបានស្នើដល់លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរី សូមមេត្តាចាត់វិធានការតាមផ្លូវច្បាប់ឲ្យស្មើរភាពគ្នា ព្រោះនៅតំបន់នោះមានការសាងសង់ផ្ទះថ្មរឹងមាំច្រើនណាស់ ជាពិសេសដូចជាមានខ្សែមេភូមិមេឃុំថែមទៀតផង ដោយសូមលោកកុំអនុវត្តច្បាប់តែជាមួយគ្រួសារក្រីក្រអី៕