សង្គម

សម្ដេចតេជោផ្ដល់អនុសាសន៍ឱ្យក្រសួងអប់រំ យកពិន្ទុឆមាសទាំងពីរជាលទ្ធផលនៃការប្រឡងបាក់ឌុប

ថ្លែងនៅក្នុងនា​ឱកាស​​ផ្ញើសារជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ទិញ​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​​១៩ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែធ្នូ​ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បានផ្ដល់អនុសាសន៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យវាយតម្លៃលទ្ធផលប្រលងឆមាសរបស់សិស្សថ្នាក់ទី១២ ដើម្បីកំណត់ ជាប់ ឬធ្លាក់ បាក់ឌុបឆ្នាំ២០២០នេះ។

សម្តេចតេជោបានបញ្ជាក់ថា​ កាលពី​ថ្ងៃ​ទី ៧ ខែធ្នូ​កន្លង​ទៅ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ស្នើ​ទៅ​លើ​ជម្រើស​មួយ​ចំនួន ដោយ​ក្នុងនោះ ជម្រើស​ទី ១- បើ​ការ​ឆ្លង​នៅ​បន្ត នោះ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​គ្រោង​រៀបចំ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​២១-២២ ខែធ្នូ ឆ្នាំ​២០២០ ទៅ​ពាក់កណ្ដាល​ខែមករា ឆ្នាំ​២០២១​វិញ​។ ជម្រើស​ទី ២- ករណី​រង់ចាំ​ដល់​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០២១ នៅ​មិន​មាន​លទ្ធភាព​ដំណើរការ​ប្រលង​បាន ក្រសួង​នឹង​រៀបចំ​ប្រឡង​បាក់​ឌុ​ប​នៅ​តាម​វិទ្យាល័យ​រៀង​ៗ​ខ្លួន និង​ជម្រើស​ទី ៣ – ករណី​រីក​រាលដាល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ក្រសួង​នឹង​ផ្អាក​ប្រឡង​បាក់​ឌុ​ប ២០១៩-២០២០ ដោយ​ជំនួស​វិញ​វាយតម្លៃ​ការ​ប្រឡង​ឆមាស ដើម្បី​កំណត់​ការ​ជាប់ ឬ​ធ្លាក់ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ស​ម្តេច​បាន​ចារ​ជូន​សម្រាប់​ការ​ពិចារណា​ថា «​ពេល​នេះ​សភាពការណ៍​នៅ​មិន​ទាន់​ច្បាស់លាស់ យក​ជម្រើស​ទី ២ ។ ក្នុង​ករណី​ជម្រើស​ទី ២ មិន​អាច​អនុវត្ត​បាន សុំ​យក​ជម្រើស​ទី ៣ ។ ព្រោះ​លទ្ធភាព​នៃ​ការ​ប្រកាស​បិទ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា មិន​អាច​កើត​មាននៅ​មុន​ថ្ងៃ​ទី ១១ មក​រា​ឆ្នាំ​២០២១ បាន​ទេ ។

សម្តេច​បន្ត​ថា ដូច្នេះ ការ​បិទ​ប្រកាស​បិទ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា អាច​នឹង​កើតឡើង​ក្រោយ​ថ្ងៃ​ទី ២០ មក​រា ២០២១ ឯណោះ អ៊ីចឹង​ទេ សុំ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា​ទៅ​លើ​លទ្ធភាព​ទី ៣ នៃ​ការ​វាយតម្លៃ ដោយសារ​តែ​សិស្ស​រាប់រយ​លាន​នាក់​លើ​ពិភពលោក រួម​ទាំង​កម្ពុជា​ផង មិន​បាន​រៀនសូត្រ​ទេ យើង​ត្រូវ​ទទួលយក​នូវ​ហេតុការណ៍​ពិតប្រាកដ គ្រូ សិស្ស ក៏​អត់​ទាន់​មាន​វ៉ាក់សាំង​ការពារ ដូច្នេះ​គ្រូ​និង​សិស្ស មាតា​បី​តា​សិស្ស​ក៏​មិន​ស្ងប់ចិត្ត​ដែរ​ក្នុង​ការ​ឲ្យ​កូន​ទៅ​ប្រឡង​បាក់​ឌុ​ប​នោះ ។

សម្តេច​បាន​បញ្ជា​ទៅ​ក្រសួង​អប់រំ​ឲ្យ​ធ្វើការ​សម្រេច​ឲ្យ​បាន​លឿន​ៗ​ថា ​ផ្អាក​ការ​ប្រឡង​បាក់​ឌុ​ប​តែ​ម្តង ដើម្បី​ធ្វើការ​វាយតម្លៃ​ពិន្ទុ​ឆមាស ដើម្បី​សិស្ស​អាច​ត្រៀមខ្លួន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ៕