សង្គម

ក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធរព្រំដែនបិទការធ្វើចរាចរណ៍តាមច្រករបៀង

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ  បានណែនាំឱ្យអាជ្ញាធរនៅតាមព្រំដែនបិទការធ្វើចរាចរណ៍តាមច្រករបៀងនានា ដើម្បីទប់ស្កាត់ការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវ  ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានស្នើឱ្យអាជ្ញាធរនៅតាមព្រំដែនអនុវត្តវិធានការតឹងរឹង និងបិទការធ្វើចរាចរណ៍តាមច្រករបៀងនានា និងស៊ើបរកមុខសញ្ញាជនជួញដូរមនុស្សយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកជំទាវបានបញ្ជាក់ថា ការបិទការធ្វើចរាចរណ៍តាមច្រករបៀងនានានេះ  ក្នុងពេលដែលកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ ឈ្មួញជួញដូរបានឆ្លៀតឱកាសនេះ ធ្វើសកម្មភាពជួញដូរមនុស្សតាមរូបភាពឆបោកនានា ដូចជារកការងារឱ្យធ្វើ និងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសនៅក្រៅប្រទេសជាដើម។

លោកជំទាវមានប្រសាសន៍ថា  រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពកូវីដ-១៩ បែរ

ជាឈ្មួញខិលខូច មានបំណងជួញដូរមនុស្ស បានបំផុសឱ្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកតាមច្រករបៀង តាមរយៈមេខ្យល់ជាអ្នកនាំផ្លូវ ដោយប្រជាពលរដ្ឋទាំងនោះ ត្រូវបង់ប្រាក់កម្រៃឱ្យទៅមេខ្យល់ ហើយក្រោយមកក៏បានក្លាយជាជនរងគ្រោះដោយសារអំពើជួញដូរទាំងនោះ។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យពលរដ្ឋពិចារណាមុនធ្វើចំណាកស្រុក កុំឱ្យចាញ់បោកជនជួញដូរមនុស្ស ព្រោះការធ្វើចំណាកស្រុកពេលនេះ គឺជាការផ្សងព្រេង ដ៏ប្រថុយប្រថាន ដែលអាចទទួលបានត្រឹមតែការខាតបង់ប្រាក់កាសប៉ុណ្ណោះ៕