នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ ក្នុងនោះមានពីរនាក់ជាករណីនាំចូល និងកុមារាម្នាក់ទៀត ជាប់ទាក់ទិននឹងព្រឹត្តិការណ៍សហគម៍ ២៨វិច្ឆិកា និងមានអ្នកជាសះស្បេីយចំនួន ០៣នាក់។
ករណីវិជ្ជមានខាងលើមាន៖ ១. ស្ត្រីជនជាតិខ្មែរ-អាមេរិកអាយុ ៦៦ ឆ្នាំមានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
២. ស្ត្រីជនជាតិជប៉ុនអាយុ ៣៤ ឆ្នាំមានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសជប៉ុន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។
ដោយឡែកទី៣. ជាកុមារាជនជាតិខ្មែរអាយុ ១ឆ្នាំ ដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។
កុមារាខាងលើ ជាកូនរបស់ស្ត្រីជនជាតិខ្មែរអាយុ ៣០ ឆ្នាំដែលវិជ្ជមានវីរុសកូវីដ -១៩ នៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០២០ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៦២ករណី ក្នុងនោះអ្នកជំងឺ៣១២ បានជាសះស្បើយ៕