សង្គម

អ្នកនាំពាក្យ បញ្ជាក់ពីមូលហេតុបុរស​ម្នាក់​លោតពីលើសណ្ឋាគារជាន់ទី៥ពេល​កំពុងធ្វើចត្តាឡីស័ក

ពលករខ្មែរម្នាក់ឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ បាន​លោត​ពី​លើ​ជាន់ទី៥ នៃសណ្ឋាគារឡង​លីវ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សុធារស ក្នុង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការមន កំឡុង​ពេលធ្វើ​ចត្តាឡីស័ក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០ម្សិលមិញ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង។

បើតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដែលបច្ចុប្បន្ន​ បានដឹងខ្លួន​ និងនិយាយបាន​ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។

តាមការសាកសួរបុគ្គលនេះផ្ទាល់​ គឺគាត់ភ្លាត់ជេីងធ្លាក់មក​ដោយសារភាពរវេីយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន​ ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ​។ ការធ្វេីតេស្តទឹកនោមគាត់​ គឺឃេីញមានសារធាតុញៀនប្រភេទ​ អំហ្វេតាមីន។

គាត់មាន​ លទ្ធផលតេស្តអវិជ្ជមាន​វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត​ នៅសណ្ឋាគារ​ ឡុង​ លីវ​ តាំងពីថ្ងៃទី២​ ខែធ្នូ​ មកម្ល៉េះ។ ដូច្នេះ​ ជារឿងផ្ទាល់ខ្លួនគាត់​ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩​ នោះឡេីយ៕