យោងតាមផេកផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា លោក ស៊ុំ វណ្ណា គ្រូបង្គោល និងកីឡាករ Timothy Chiemerie Okereke នៃក្លឹបភ្នំពេញក្រោនបានឈ្នះពានរង្វាន់គ្រូបង្វឹកល្អ និងកីឡាករល្អជាងគេប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដែលពិធីប្រគល់ និងទទួលពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Smart RSN ភ្នំពេញក្រោន កាលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។
ក្នុងពិធីប្រគល់ពានរង្វាន់គ្រូបង្វឹក និង កីឡាករល្អជាងគេ ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដោយលោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិទទួលដឹកនាំលេខាធិការដ្ឋាននៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាប្រគល់ជួនដល់លោកគ្រូ ស៊ុំ វណ្ណា និងកីឡាករ Timothy Chiemerie Okereke ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលជាសមាជិកនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ដែលមានក្រុមចូលរួមប្រជែងជើងឯក សរុបចំនួន១៣ក្រុម។
សូមរម្លឹកថា ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ការប្រកួតលីគកំពូលបានផ្អាកការប្រកួតជាច្រើនសប្តាហ៍មកហើយ ដោយការប្រកួតបានសម្រាកបណ្តោះអាសន្នត្រឹម៥សប្តាហ៍ ខណៈភ្នំពេញក្រោនកំពុងឈរនៅលេខ១បណ្តោះអាសន្ន ដែល៥ប្រកួតឈ្នះ៤ប្រកួត និងស្មើ១ប្រកួត មាន១៣ពិន្ទុ៕