បើតាមសេចក្តីប្រកាសរបស់យោធភូមិភាគ៥ បានឲ្យដឹងថា ក្រោយកិច្ចប្រជុំពិភាក្សាគ្នាដោះស្រាយ អំពីសកម្មភាពដោះមីនរបស់ភាគីថៃ ចន្លោះបង្គោលសីមាលេខ ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ខ្លួនបានទុកពេលឲ្យភាគីថៃចំនួន២ថ្ងៃ ក្នុងការុះរើស្លាកសញ្ញាដោះមីនចេញពីតំបន់បង្គោលព្រំដែនលេខ ៣២-៣៣ នាភូមិសាមគ្គី (ខាងជើងច្រកតំបន់បឹងត្រកួន)។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ទទួលជានាយសេនាធិការយោធភូមិភាគទី៥ នៅស្នាក់ការក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនតំបន់បឹងត្រកួនបានស្នើឱ្យក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីន ចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ ភាគីថៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំង (កម្ពុជា) ឈរជើងនៅទីនោះនឹងធ្វើការរុះរើ ។ ហើយរាល់សកម្មភាពផ្សេងៗតាមបណ្តោយព្រំដែន សូមឱ្យភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក៕