សង្គម

គំនុំចាស់ ប៉ូលិស​ក្រសួងមហាផ្ទៃដក​កាំភ្លើង​បាញ់គូទំនាស់២គ្រាប់ រួចរត់បាត់

(ភ្នំពេញ)៖ ដោយសារតែ​សងសឹក​គុំនំ​ចាស់​​រយះពេល​ជាង​២​ឆ្នាំ ប៉ូលិស​ពាក់ស័ក្តិ៤ម្នាក់​នៅ​ក្រសួងមហាផ្ទៃ បាន​ដក​កាំភ្លើង​បាញ់​សំដៅ​ទៅរក​គូសត្រូវ​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវចំ​ជើង​មួយ​គ្រាប់​និង​មួយ​គ្រាប់​ទៀត​ចំ​ទ្វា​កញ្ចក់​បែកខ្ទេច​។ ហេតុការណ៍​បាញ់ប្រហារ​នេះ កើតឡើង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ក្នុង​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ជាប់​ព្រុំប្រទល់​និង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ជនដៃដល់​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ កេ​ត ផា​រ៉េ​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុន​របប​ជាម​ន្ត្រី​ប៉ូលីស​ស័ក្តិ​៤​នៅ​ក្រសួងមហាផ្ទៃ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ ប៊ុន​ស៊ិ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខ​របប​នៅផ្ទះ ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។

​ជនរងគ្រោះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ រូបគាត់​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ចេញពី​ហូបចុក​អី​តិចតួច​នៅ​ម្ដុំ​បឹងត្របែក ហើយ​​ជូន​មិត្តភក្តិ​មក​ផ្ទះ​នៅ​កន្លែងកើតហេតុ ខណៈ​មកដល់​មុខផ្ទះ ស្រាប់តែ​ជនដៃដល់​ដែល​ធ្លាប់​ស្គាល់គ្នា​តែ​មិន​ជិតស្និត បាន​ចុះ​ពីលើ​រថយន្ត​របស់ខ្លួន​មិន​ចាំ​ម៉ាក​ហើយ​ដើរ​ឆ្លងផ្លូវ​មក​សួរនាំ​មិត្តភក្តិ​គាត់​មួយ​ម៉ាត់​ពីរ រួច​ដើរទៅ​ជិះ​រថយន្ត​របស់ខ្លួន​វិញ ហើយ​បើក​កញ្ចក់​រថយន្ត ដក​កាំភ្លើងខ្លី​បាញ់​សំដៅ​មក​ជនរងគ្រោះ ដែល​នៅ​ផ្លូវ​ម្ខាង​ទៀត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ចំនួន​២​គ្រាប់ ដោយ​មួយ​គ្រាប់​ចំ​ជើង​ខាងស្ដាំ និង​មួយ​គ្រាប់​ទៀត​ចំ​ទ្វារ​កញ្ចក់​មួយ​ផ្ទាំង​បែកខ្ទេច រួច​បើករថយន្ត​គេចខ្លួនបាត់ ។ ចំណែកឯ​ជនរងគ្រោះ​ក៏​ប្រញាប់​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ​និង​លាង​របួស​ភ្លាមៗ​ផងដែរ ។

មួយសន្ទុះ​ក្រោយមក ជនរងគ្រោះ​បានមក​កន្លែងកើតហេតុ​វិញ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកសារព័ត៌មាន និង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​បឹងទំពុន​២ រួមទាំង​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​ដង្កោ ចុះមក​ដល់​ហើយ​រុញ​ដាក់គ្នា ទើប​ជនរងគ្រោះ​សម្រេចចិត្ត​យក​សម្បក​ផ្ទុះ​នៅសល់​មួយ​គ្រាប់​ទុក រង់ចាំ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​ចាប់​ជនបង្ក​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕​