សង្គម

អាជ្ញាធរ​ខេត្ត​កណ្តាល​​បញ្ជារឲ្យ​បិទផ្សារបឹងខ្យាង​នៅផ្លូវជាតិ​លេខ២ និង​វត្តវិហារត្រាញ់​ ក្រោយ​រកឃើញ​មាន​ពាក់ព័ន្ធ​នឹង​ស្ត្រី​ផ្ទុកកូវីដ១៩

អភិបាល​ខេត្ត​កណ្ដាលកាលពីយប់មិញ​ បាន​ចុះស្រាវជ្រាវរកអ្នក​ពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ចិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាល​ស្ទឹង។

យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នក​ពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបាន​រៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។

ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការ​ភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។

លោក​ គង់​ សោភ័ណ​ បានបញ្ជាឲ្យ​អាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ជាបណ្តោះអាសន្ន ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ-១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបសហគមន៍របស់យើងគ្មានជំងឺឆ្លងជាពិសេស ជំងឺកូវីដ-១៩៕