តាមមន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹងថា យ៉ាងយូរនៅខែកុម្ភៈដើមឆ្នាំក្រោយនេះ នឹងមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ នឹងចូលមកធ្វើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ប្រសិនបើក្រុមហ៊ុនទាំងនោះជាប់ក្នុងការដេញថ្លៃនៅពាក់កណ្តាលខែធ្នូនេះ។
លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមសំណល់រឹង រាជធានីភ្នំពេញ បានថ្លែងថា ផ្អែកតាមប្រតិទិន/កាលវិភាគនៃការដេញថ្លៃ នៅពាក់កណ្តាលខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះកិច្ចសន្យាផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅរាជធានីភ្នំពេញ ជាមួយក្រុមហ៊ុនដែលឈ្នះការដេញថ្លៃចំនួន ០៣ក្រុមហ៊ុន ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនទាំង ៣នោះ នឹងចាប់ផ្តើមប្រតិបត្តិការផ្តល់សេវា ទៅតាមតំបន់ ដែលខ្លួនបានឈ្នះក្នុងការដេញថ្លៃ។
គួរបញ្ជាក់ថា កន្លងមកក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញគឺមានតែមួយគត់ គឺក្រុមហ៊ុនស៊ីនទ្រី , ប៉ុន្តែក្រោយមក រាជរដ្ឋាភិបាលបានសម្រេចឲ្យរដ្ឋបាលរាជធានីភ្នំពេញ ស្វែងរកក្រុមហ៊ុនថ្មីមកជំនួស និងបែងចែកការប្រមូលសំរាមនៅរាជធានីភ្នំពេញជា ៣តំបន់ផ្សេងៗគ្នា៕