កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ក្រោយពីគាត់បានបង្ហោះព័ត៌មានភូតកុហក់ដោយថា មានការបិទផ្សារជពូវ័ន្ត និងមានអ្នកស្លាប់ និងឆ្លងកូវីដ១៩ ជាច្រើននាក់។
បើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ការឃាត់ខ្លួនស្ត្រីខាងលើបានធ្វើឡើង បន្ទាប់ពីរូបគាត់ ដែលជាម្ចាស់គណនីឈ្មោះ Ka Piink បានបង្ហោះសារ ដែលមានខ្លឹមសារថា “ផ្សារជំពូវ័ន្តបិទហើយ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀត ក៏បានឆ្លងដែរ” បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះបានផ្ទុយពីការពិតទាំងស្រុង។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឈិន មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនីផ្ទាល់របស់ខ្លួន បន្ទាប់មកខ្លួនក៏បានលុបចេញវិញដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ តែខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។
ទាក់ទិននឹងករណីដូចខាងលើ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំឭកដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ ឲ្យធ្វើការពិចារណា និងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គម ចៀសវាងបង្ហោះ ឬចែករំលែកព័ត៌មានណាដែលមិនមានការពិត និងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ ព្រមទាំងបង្កឱ្យមានភាពចលាចលដល់សង្គមជាតិទាំងមូលថែមទៀតផង៕