ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា គេបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ចំនួន ២នាក់ ដែលពួកគេជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
អ្នកទាំង២នាក់នោះ ទី១ គឺស្រ្តីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
ទី២ ស្រ្តីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវជាប្អូនបង្កើតស្រ្តីខាងលើ ហើយក៏ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ដោយសារធនាគារកាធេយូណាយធីត នៅផ្លូវសម្តេចប៉ាន មានបុគ្គលិកច្រើនកំពុងបម្រើការងារនៅទីនោះ និងដោយទទួលការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី ក្រសួងបានសម្រេចផ្អាកដំណើរការធនាគារនោះជាបណ្តោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ដើម្បីក្រុមការងារក្រសួងសុខាភិបាលចុះយកសំណាកបុគ្គលិកទាំងអស់ និងតម្រូវឲ្យបុគ្គលិកទាំងអស់ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃផងដែរ៕