ក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៩ខ្សែនៅក្រុងសៀមរាបនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកំណត់ហៅករណីចម្លងកូវីដ១៩ដែលផ្តើមពីភរិយាអគ្គនាយកពន្ធនាគារថា ជា «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។
សម្តេចតេជោបានបញ្ជាក់ថា ករណីនេះ គឺជាករណីដំបូងរបស់កម្ពុជា ដែលកូវីដ១៩បានឆ្លងចូលសហគមន៍ ពោលគឺក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ មាន១៤ករណី ហើយអ្វីដែលចាប់អារម្មណ៍នោះ គឺករណីឆ្លងបានស្ថិតក្នុងចង្កោមមន្រ្តីក្រសួងមហាផ្ទៃ និងក្រុមគ្រួសាររបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ។
សម្តេចតេជោបញ្ជាក់ថា រហូតមកទល់នឹងពេលនេះប្រភពចម្លងនៅមិនទាន់ដឹងក្បាលកន្ទុយនៅឡើយទេ ដូច្នេះត្រូវធ្វើក្នុងល្បឿនលឿនបំផុត និង កម្រិតទ្រង់ទ្រាយធំ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី២៩ វិច្ឆិកាម្សិលមិញ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់បានចំនួន ៣៣៣២នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួន៧។
ដើម្បីយកឈ្នះជំងឺកូវីដ ១៩សម្តេចតេជោបានស្នើដល់ប្រជាពលរដ្ឋទាំងអស់សូមធ្វើជាអ្នកខ្លាច និងជាអ្នកចុះចាញ់កូវីដ១៩ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត។ ហើយកម្ពុជាគ្រប់គ្រងបាន ឫមិនបានគឺស្ថិតលើរយះពេល១៥ថ្ងៃខាងមុខ ហើយ១៥ថ្ងៃខាងមុខគឺចំណុះលើការប្រឹងប្រែងរួមគ្នាទាំងរដ្ឋ និងពលរដ្ឋ៕