នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បេក្ខជនជាង១៥ម៉ឺននាក់ កំពុងចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ខណៈកាលពីយប់មិញ ក្រសួងអប់រំ ក៏បានប្រកាសពីការបិទបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ ត្រឹមចុងខែវិច្ឆិកានេះ។
កាលពីយប់មិញនេះ (២៩ វិច្ឆិកា) ក្រសួងអប់រំ បានចេញប្រកាសបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ របស់គ្រឹះស្ថានសិក្សាសាធារណៈ លើកលែងតែសិស្សថ្នាក់ទី៨ និងទី១២ ដែលត្រូវប្រឡងសញ្ញាបត្រ។ រីឯគ្រឹះស្ថានសិក្សាឯកជនវិញ ត្រូវបិទរយៈពេល២សប្តាហ៍ ហើយប្តូរទៅរៀនអនឡាញ លើកលែងសិស្សថ្នាក់ទី១២ ដែលត្រូវបន្តរៀននៅសាលា។
ការសម្រេចបញ្ចប់ឆ្នាំសិក្សា២០១៩-២០២០ របស់ក្រសួងអប់រំនេះ គឺក្នុងគោលបំណងការពារការឆ្លងរាលដាលកូវីដ-១៩ក្នុងសហគមន៍ ក្រោយករណីស្ត្រីម្នាក់ឆ្លងមិនដឹងប្រភព និងបន្តទៅសមាជិកផ្សេងទៀតក្នុងគ្រួសាររបស់គាត់៕